កាលបរិច្ឆេទ: ០៧ ធ្នូ ២០២២
ក្នុងឱកាសប្រារព្ធខួប ៦៣ឆ្នាំ នៃឱសថបំបាត់ការឈឺចុកចាប់«គីណាល់» សហគ្រាសផលិតឱសថប៉េប៉េអឹមសហគ្រាសផលិតឱសថប៉េប៉េអឹមដែលជាតួអង្គសំខាន់មិនអាចខ្វះបានក្នុងវិស័យឱសថនៅកម្ពុជា នឹងរៀបចំសិក្ខាសាលាស្តីពី៖ «ចក្ខុវិស័យឆ្ពោះទៅកាន់ការអភិវឌ្ឍន៍វិស័យឱសថនៅកម្ពុជា» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២២ នៅក្នុងបរិវេណសហគ្រាសផលិតឱសថប៉េប៉េអឹម ក្នុងសង្កាត់ចោមចៅ។
តើធ្វើយ៉ាងណាដើម្បីធានាឲ្យមានការផលិតឱសថដែលមានគុណភាពនៅកម្ពុជា?
តើធ្វើយ៉ាងណាដើម្បីឲ្យមានការចែកចាយទូទាំងប្រទេស និងដើម្បីឲ្យប្រជាពលរដ្ឋទូទៅអាចមានលទ្ធភាពទិញឱសថដែលមានគុណភាព ហើយតើការចែកចាយឱសថនឹងវិវត្តទៅយ៉ាងដូចម្តេចជាមួយនឹងបច្ចេកវិទ្យាថ្មីៗ?
តើអ្វីខ្លះជាទស្សនវិស័យនៃការអភិវឌ្ឍន៍ឧស្សាហកម្មឱសថនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរក្នុងវិស័យសុខភាពសាធារណៈ?
តើសហគ្រាសផលិតឱសថប៉េប៉េអឹមមានកម្មវិធីអ្វីខ្លះទាក់ទិននឹងការអភិវឌ្ឍន៍ការផលិតឱសថដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសជាតិទៅថ្ងៃអនាគត និងដើម្បីលើកកម្ពស់ឯករាជ្យភាពជាតិក្នុងវិស័យសុខាភិបាល?
ទាំងអស់នេះគឺជាចំណោទដ៏មានសារៈសំខាន់សម្រាប់សុខភាពសាធារណៈដែលនឹងត្រូវចែករំលែកដោយៈ
លោក សរ សំពិសិដ្ឋ ឱសថការី និងជាម្ចាស់ឱសថស្ថានយើង
លោកស្រីវេជ្ជបណ្ឌិត តោ ពើទី សមាជិកក្រុមប្រឹក្សាមន្ទីរពិសោធន៍ វេជ្ជសាស្រ្ត អាយ អេសព្រីមៀម
វេជ្ជបណ្ឌិត ជា ស៊ីន ព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្ត សាកលវិទ្យាល័យពុទ្ធិសាស្រ្ត
លោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ស្ថាបនិក និងជាប្រធានអគ្គនាយកសហគ្រាសផលិតឱសថប៉េប៉េអឹម។
បទអន្តរាគមន៍របស់វិគ្មិនខាងលើនេះមានការចូលរួមពីនិស្សិតឱសថសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្ត
សុខាភិបាល សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យពុទ្ធិសាស្រ្ត មហាវិទ្យាល័យអន្តរជាតិ និងបុគ្គលិករបស់សហគ្រាសផលិតឱសថ ប៉េប៉េអឹម សរុបជិត៣០០នាក់។
សូមបញ្ជាក់ថា ឱសថ«ទំនើប»ដំបូងគេបង្អស់ដែលផលិតនៅកម្ពុជាត្រូវបានបង្កើតឡើងដោយលោកឱសថបណ្ឌិតកុក សុខគីម គឺថ្នាំបំបាត់ការឈឺចាប់ «គីណាល់» ដែលជានិមិត្តរូបនៃដំណាក់កាលដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធផលិត និងចែកចាយឱសថថ្នាក់ជាតិ។ ឱសថនេះ មានតម្លៃសមរម្យដែលអាចឲ្យប្រជាពលរដ្ឋទូទៅមានលទ្ធភាពទិញបាន ជាឱសថផលិតនៅក្នុងស្រុក ដោយគោរពតាមបទដ្ឋានអន្តរជាតិ រួមបញ្ចូលទាំងនិន្នន័យថ្មីៗនៃការសិក្សាស្រាវជ្រាវ និងផលិតឱសថ។ ទាំងអស់នេះគឺជាឆន្ទៈរបស់លោកឱសថបណ្ឌិត កុក សុខគីម កាលពី៦៣ឆ្នាំមុន ដែលបានសម្តែងចេញតាមរយៈការផលិតថ្នាំគីណាល់នេះ។